Select Page

ឧកញ៉ា ពុងឃាវសែត្រូវបានអញ្ជើញចូលរួមសន្និសិទវីដេអូក្រោមប្រធានបទ “ទំនួលខុសត្រូវរបស់គ្រូបង្រៀនចិនក្នុងការអប់រំភាសាចិនក្នុងប្រទេសកម្ពុជា”

កញ្ញា 26, 2020 | Association news

នៅថ្ងៃទី២៥ វេលាម៉ោង ៩ព្រឹក ឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា ទទួលបានការអញ្ជើញពីរាជបណ្ឌិតសភាកម្ពុជា និងមជ្ឈមណ្ឌលទំនាក់ទំនង និងសហប្រតិបត្តិការភាសាចិន និងបរទេសចូលរួមសន្និសិទវីដេអូក្រោមប្រធានបទ “ទំនួលខុសត្រូវរបស់គ្រូបង្រៀនចិនក្នុងការអប់រំភាសាចិនក្នុងប្រទេសកម្ពុជា” នៅវិមានកាណាឌីយ៉ា ។

លោក ឈរ ណារី អនុប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា លោកណាម សាវ៉ាន់ សមាជិកផ្នែកវប្បធម៌និងអប់រំ លោកហ៊ូ អេន សមាជិកគណៈកម្មការ លោកសុក ហ៊ុយ លេខាប្រចាំការ លោក ZHAO YU គ្រូបង្រៀនភាសាចិន និងតំណាងមកពី​សាលារៀន ទួនហ្វា សាលារៀនក្វាង ចាវ សាលារៀន ឈុង ជឹង សាលារៀន ប៊ិន សៀន សាលារៀន លិប ឃុន និងសាលារៀន ជីប សេង ចូលរួមក្នុងសន្និសីទនេះ ។

លោកប្រធានពុង ឃាវសែ បានផ្តោតទៅលើប្រធានបទ “ទំនួលខុសត្រូវរបស់គ្រូបង្រៀនចិនក្នុងការអប់រំភាសាចិនក្នុងប្រទេសកម្ពុជា”​ ចែករំលែកនូវបទពិសោធន៍ និងទស្សនៈរបស់ខ្លួ​ន ។

លោកប្រធានមានប្រសាសន៍ថា​៖និយាយពីការអប់រំភាសាចិននៅកម្ពុជា គួរចាប់ផ្តើមពីប្រភពនៃខ្សែស្រឡាយចិននៅកម្ពុជា។ អាចនិយាយបានថា ជនជាតិចិនបានផ្លាស់មករស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលមួយពាន់ឆ្នាំជាងមកហើយ។ “កំណត់ហេតុប្រពៃណីនៃអ្នកស្រុកនគរចេនឡា​”របស់លោក ជីវ តាក្វាន់ នៃរាជវង្សយាន និង “ការស្រាវជ្រាវពីសមុទ្រខាងកើត និងខាងលិច” ដោយលោក ចាងស៊ី នៃរាជវង្សមីង បានកត់ត្រាថាមានសញ្ញាជនជាតិចិននៅក្នុងទំនៀមទម្លាប់របស់ប្រទេសកម្ពុជាតាំងពីពេលនោះមក។ ឯចម្លាក់នៅលើជញ្ជាំងថ្មនៃប្រាសាទអង្គរវត្ត និងកំណត់ត្រាធ្វើដំណើរទៅទិសសមុទ្រខាងលិចរបស់លោក ចឹង ហឺ ក៏បានបង្ហាញនូវស្នាមជើងជនជាតិចិនដែលរស់នៅក្នុងប្រទេសកម្ពុជាដែរ។ ជាការពិត ជនជាតិចិនមួយចំនួនធំបានធ្វើអន្តោរប្រវេសមកកាន់ប្រទេសកម្ពុជាក្នុងកំឡុងពេលនៃភាពវឹកវរសង្គ្រាម និងទុរ្ភិក្សនៅក្នុងប្រទេសចិន កំឡុងចុងសម័យរាជវង្សម៉េង និងដើមសម័យរាជវង្សឈេង។

 

ក្នុងសម័យអាណានិគមបារាំងក្នុងសតវត្សរ៍ទី ១៩ ជនជាតិចិន (ចិននៅឯបរទេស) មួយចំនួនធំបានរស់នៅក្នុងប្រទេសកម្ពុជា។ យោងទៅតាមភូមិសាស្ត្រ ពូជសាស្ត្រ និងគ្រាមភាសា ពួកគេបានបែងចែកជា ៥ ក្រុម គឺចិនទៀជីវ ចិនហុកគៀន ចិនកន្តាំង ចិនហៃណាន និងចិនខិ។ ក្នុងចំណោមនោះ ទៀជីវមានចំនួនភាគច្រើន។ នៅពេលនោះប្រជាជនកម្ពុជាបានហៅខ្សែស្រឡាយចិនថា “ចិន(ZHEN)” ហើយជំនាន់ទី ១ នៃខ្សែស្រឡាយចិនដែលកើតនៅប្រទេសចិនត្រូវបានគេហៅថា “ចិនឆៅ (ZHEN CHAO)” ។ ជនជាតិចិននៅក្រៅប្រទេសឧស្សាហ៍ព្យាយាម ពូកែរកស៊ី និងមានទំនៀមទម្លាប់ប្រពៃណី ទទួលមរតកវប្បធម៌មិនថាពួកគេនៅទីណាទេ ពួកគេសង្ឃឹមថាកូនៗ និងចៅៗ នឹងទទួលមរតកវប្បធម៌ជនជាតិរបស់ខ្លួន ដោយមិនភ្លេចពីដើមកំណើត ហើយពួកគេប្រើប្រាស់ភាសាចិនក្នុងការទំនាក់ទំនងអាជីវកម្ម និងឯកសារកិច្ចព្រមព្រៀងផ្សេងៗ។ ដូច្នេះ ការអប់រំភាសាចិនបានចាប់ផ្តើមពីសាលាឯកជនលក្ខណៈជាគ្រួសារដំបូងបង្អស់ ចាប់ពីការរៀនចិនទៀជីវ ចិនកន្តាំង ចិនហុកគៀន ចិនខិ និងចិនហៃណាន។ ក្នុងទសវត្សឆ្នាំ ១៩៥០-១៩៦០ ការអប់រំក្នុងសាលាត្រូវបានបង្កើតឡើងជាប្រព័ន្ធ គឺបង្រៀនដោយប្រើភាសាចិនកុកងឺ។ នៅពេលនោះ មានតំបន់រស់នៅរបស់ជនជាតិចិននៅគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ដែលមានអង្គការសហគមន៍ វត្តអារាម និងសាលារៀនចិន ហើយសហគមន៍ចិនមានភាពរីកចម្រើន និងមានបរិយាកាសវប្បធម៌ដ៏ល្អ។ ដូច្នេះ តាមទស្សនៈរបស់ខ្សែស្រឡាយចិន ការអប់រំចិនមិនត្រឹមតែរៀនភាសាប៉ុណ្ណោះទេ ថែមទាំងជាការទទួលមរតកវប្បធម៌ និងការបណ្តុះបណ្តាលពីការគិត និងប្រាជ្ញារបស់ជនជាតិចិនទៀតផង។

 

និយាយពីការអប់រំភាសាចិន ខ្ញុំត្រូវណែនាំពីអង្គការដឹកនាំការអប់រំភាសាចិនមួយដ៏សំខាន់គឺ សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា។ សមាគមនេះមុនគឺ “សមាគមក្រុមទាំង៥” ក្នុងកំឡុងអាណានិគមបារាំង។ ក្នុងសម័យអាណានិគមបារាំង ជនជាតិបារាំងដើម្បីសម្រួលដល់ការគ្រប់គ្រងខ្សែស្រឡាយចិន  ពួកគេក៏បានបង្កើតក្រុមទាំង៥ គឺទៀជីវ ហុកគៀន កន្តាំង ហៃណាន និងខិ ដោយផ្អែកលើទីតាំងភូមិសាស្ត្រ ពូជសាស្ត្រ និងភាសារបស់ជនជាតិចិន ហើយបង្កើត “សមាគមក្រុមទាំង៥” ឱ្យមានទំនួលខុសត្រូវរួមគ្នា ដើម្បីសម្របសម្រួល និងគ្រប់គ្រងកិច្ចការផ្សេងៗរបស់ខ្សែស្រឡាយចិន រួមទាំងការទំនាក់ទំនង សេចក្តីសម្រេចរបស់មេដឹកនាំ និងការប្រមូលពន្ធ។ល។ ក្នុងនាមជាយន្តការសម្របសម្រួលកិច្ចការរបស់ខ្សែស្រឡាយចិន “សមាគមក្រុមទាំង៥” បានបន្តរហូតដល់រដ្ឋប្រហារក្នុងប្រទេសកម្ពុជាដែលកើតឡើងក្នុងឆ្នាំ ១៩៧០ ។ នៅពេលនោះ ខ្សែស្រឡាយចិនមានចំនួនប្រហែល ៣០០.០០០ នាក់ស្មើនឹង ៦% នៃប្រជាជនសរុបរបស់ប្រទេសកម្ពុជា។ ការអប់រំភាសាចិនគឺការអប់រំបែបខ្សែស្រឡាយចិន គឺបានរីកចម្រើនដល់កំពូលនៅទសវត្សឆ្នាំ ១៩៦០ -១៩៦៩ ដែលមានសាលារៀនចិនចំនួន ២៣០ ទាំងធំទាំងតូចនៅតំបន់ដែលមានខ្សែស្រឡាយចិនស្នាក់នៅ ដែលមាននៅតាមខេត្តក្រុងទូទាំងប្រទេសកម្ពុជា។ ទោះយ៉ាងណា ពេលវេលាល្អមិនបានបន្តរយៈពេលយូរនោះទេ នៅឆ្នាំ១៩៧០ រដ្ឋប្រហារបានផ្ទុះឡើង ប្រទេសបានធ្លាក់ចូលក្នុងសង្គ្រាមហើយការអប់រំភាសាចិនត្រូវបានបង្អាក់។ ជាលទ្ធផលបណ្តាលឲ្យខ្សែស្រឡាយដែលកើតក្នុងអំឡុងឆ្នាំ ១៩៧០ គឺមិនចេះភាសាចិនទេ។ ដល់ឆ្នាំ ១៩៩០ ប្រទេសកម្ពុជាសម្រេចបាននូវការផ្សះផ្សាជាតិ និងអនុវត្តគោលនយោបាយបើកចំហពហុវប្បធម៌ សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២៦ ខែធ្នូ នៃឆ្នាំនោះ ហើយការបន្តបើកថ្នាក់រៀននៅតាមសាលាចិនបានចាប់ផ្តើមនៅពេលនោះដែរ។

 

លោកប្រធានមានប្រសាសន៍ទៀតថា៖សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ត្រូវបានបង្កើតឡើងរួមគ្នាដោយសហគមន៍ចិននៅកម្ពុជា រួមមានសមាគមចំនួន៥ ដូចជាទៀជីវ ហៃណាន ខិ ហុកគៀន កន្តាំង ហើយថែមទាំងមានសមាគមត្រកូលទាំង១៣ សាខានៃសមាគមសម្ព័ន្ធខ្មែរ-ចិននៅតាមខេត្តក្រុង សាលារៀនចិន កាសែតចិន ក្រុមម៉ុងសាយ វិហារចិន សមាគមអាជីវកម្ម និងសមាគមផ្តល់ជំនួយទៅវិញទៅមក មានរហូតដល់ប្រមាណ ១៥០ អង្គការ និងស្ថាប័ន បង្កើតបានជាសមាគមបង្រួបបង្រួមមួយ។ ក្នុងចំណោមនោះ សាលាចិនមាន ៥៨ សាលា ដែលមានគ្រូជាង ១.២០០ នាក់ ក្នុងនោះគ្រូប្រមាណ ២៥០ នាក់ត្រូវបានបញ្ជូនមកដល់កម្ពុជាដោយការិយាល័យកិច្ចការចិននៅក្រៅប្រទេសនៃក្រុមប្រឹក្សារដ្ឋប្រទេសចិន(The Overseas Chinese Affairs Office of The State Council and Hanban) ដើម្បីគាំទ្រការងារអប់រំភាសាចិនរបស់យើងជារៀងរាល់ឆ្នាំ ដោយមានសិស្សចំនួន ៥៥.០០០ នាក់។ ក្នុងចំណោមនោះ សាលាទួនហ្វាគឺជាសាលាចិនធំជាងគេនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ដែលមានសិស្សប្រមាណ ១៦.០០០ នាក់ និងគ្រូបង្រៀន ៣០០ ជាងនាក់។

 

បច្ចុប្បន្ននេះ មានខ្សែស្រឡាយចិនប្រមាណ ១ លាននាក់នៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះ ៨០០.០០០ នាក់ជាជនជាតិចិនសញ្ជាតិខ្មែរ និង ២០០.០០០ នាក់ជាជនជាតិចិនសញ្ជាតិចិន។ ខ្សែស្រឡាយចិនគឺពូកែរកស៊ី ជាពូជសាស្ត្រដែលមានប្រាជ្ញា និងជាអ្នកពូកែជំនាញគ្រប់វិស័យ។ ក្រោមបរិយាកាសធុរកិច្ចធូរស្រាលក្នុងប្រទេសកម្ពុជា ភាពជោគជ័យរបស់ជនជាតិចិនបានក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជា។ អ្នកជំនួញក្នុង​ប្រទេសកម្ពុជាដែលមានទ្រព្យស្តុកស្តម្ភ សព្វថ្ងៃភាគច្រើនជាកូនចៅចិន រួមមានឧកញ៉ា លី យុង​ផាត់  ឧកញ៉ា ឡៅ ម៉េងឃីន  ឧកញ៉ា ឃុន សៀ  ឧកញ៉ា សំ អាន  ឧកញ៉ា កុក អាន  ឧកញ៉ា គិត ម៉េង និងលោកជំទាវ លីម ឈីវហូរ ។ល។ ទន្ទឹមនឹងនេះ ប្រទេសចិនបានក្លាយជាប្រភពវិនិយោគបរទេស ដៃគូពាណិជ្ជកម្ម និងជាប្រភពទេសចរណ៍ធំជាងគេនៃប្រទេសកម្ពុជា ហើយការប្រើប្រាស់ភាសាចិនក្នុងការបង្កើតតម្លៃសេដ្ឋកិច្ចកាន់តែច្រើនជាមុន។

ដូច្នេះ ការរៀនសូត្រភាសាចិនមិនមែនគ្រាន់តែដើម្បីទទួលមរតកវប្បធម៌ចិនប៉ុណ្ណោះទេ ថែមទាំងអាចចេះភាសាសេដ្ឋកិច្ចមួយទៀតផងដែរ។ ភាសាចិនគឺជាឧបករណ៍ទំនាក់ទំនងល្អបំផុតនៅពេលធ្វើជំនួញជាមួយប្រជាជនចិន។ ដូចដែលយើងបានដឹងហើយថា នៅក្នុងយុគសម័យនេះប្រទេសចិនគឺខ្លាំងគ្រប់ជ្រុងជ្រោយ និងបានក្លាយជាសេដ្ឋកិច្ចធំលំដាប់ទី ២ នៅលើពិភពលោក។ នៅពេលដែលប្រទេសកម្ពុជានិងចិនមានទំនាក់ទំនងកាន់តែជិតស្និទ្ធិ បន្ទាប់ប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ការប្រើប្រាស់ភាសាចិនគឺកាន់តែមានសារសំខាន់ណាស់។

 

សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា និងខ្សែស្រឡាយចិនទាំងអស់នៅកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍នៃការអប់រំភាសាចិន។ មនុស្សគ្រប់រូបបរិច្ចាគថវិកាដើម្បីបង្កើតសាលារៀននៅកន្លែងផ្សេងៗ គោលបំណងគឺសង្ឃឹមថាវប្បធម៌ចិននឹងត្រូវបានឆ្ពោះទៅមុខលើទឹកដីខ្មែរ ហើយកូនចៅចិនទាំងអស់នឹងមានប្រាជ្ញា និងជោគជ័យទាំងអស់គ្នា។ ទោះយ៉ាងណាក៏ដោយសារគម្លាតក្នុងការអប់រំភាសាចិនពីឆ្នាំ ១៩៧០ -១៩៩០ មនុស្សមួយជំនាន់មិនបានរៀនភាសាចិនទេ ដែលជាហេតុធ្វើឱ្យមានការខ្វះខាតគ្រូចិនជាច្រើន និងហាមឃាត់ដល់ការអភិវឌ្ឍសាលាចិនដែលមានគុណភាពខ្ពស់។ តាមការដឹង គ្រូចិនក្នុងស្រុកអាចបង្រៀនមុខវិជ្ជាចាប់ពីថ្នាក់ទី ១ ដល់ទី ៦ (បឋមសិក្សាថ្នាក់ទាបដល់បឋមសិក្សាថ្នាក់ខ្ពស់) ហើយគ្រូក្នុងស្រុកភាគច្រើនបានត្រឹមបង្រៀនវគ្គចាប់ពីថ្នាក់ទី ១ ដល់ទី ៤ ប៉ុណ្ណោះ ឯគ្រូដែលអាចបង្រៀនថ្នាក់ទី៥ និង ថ្នាក់ទី៦ គឺអាចចាត់ទុកថាជាគ្រូឆ្នើម។ វគ្គសិក្សាអនុវិទ្យាល័យ ត្រូវបានបង្រៀនដោយគ្រូមកពីចិន។ ដូច្នេះប្រសិនបើគ្រូបង្រៀនជំនួយពីចិនមិនអាចមកបង្រៀននៅកម្ពុជាបានទាន់ពេលវេលាទេ នោះមានន័យថាថ្នាក់អនុវិទ្យាល័យភាគច្រើននៅក្នុងសាលាចិននឹងមិនអាចបើកថ្នាក់បានទេ ព្រោះគ្មានគ្រូបង្រៀន។

ជាការពិតមនុស្សគ្រប់គ្នាដឹងថាគ្រូចិនក្នុងស្រុកជួបប្រទះការលំបាកជាច្រើន ដូចជាប្រាក់ខែទាប ជីវភាពមានការលំបាក និងការអភីវឌ្ឍន៍នៃអាជីពនេះគឺមានកំណត់ គឺជាមូលហេតុចំបងដែលខ្សែស្រឡាយចិនក្នុងស្រុកមិនចង់ធ្វើជាគ្រូបង្រៀន។

នៅឆ្នាំ ២០១៧ បន្ទាប់ពីខ្ញុំបានក្លាយជាប្រធានសមាគមសម្ព័ន្ធខ្មែរ_ចិននៅកម្ពុជា ខ្ញុំបានដឹងតាមរយៈការស៊ើបអង្កេតថា នៅតាមសាលាចិននៅជនបទជាច្រើន ប្រាក់ខែរបស់គ្រូគឺមានតែ ១០០-១៥០ ដុល្លារអាមេរិក ហើយតំបន់ទីក្រុងដែលមានសេដ្ឋកិច្ចល្អប្រសើរ អាចឡើងដល់ ២០០ ទៅ ៣០០ ដុល្លារអាមេរិក។ កម្រិតប្រាក់ខែទាបធ្វើឱ្យយុវជនជាច្រើនមិនចង់ធ្វើជាគ្រូបង្រៀន ធ្វើឲ្យខ្វះគ្រូបង្រៀនវ័យក្មេងៗនៅសាលាចិន។ ដើម្បីដោះស្រាយបញ្ហានេះ សមាគមសម្ព័ន្ធខ្មែរ_ចិននៅកម្ពុជាបានសម្រេចផ្តល់ថវិកាចំនួន ៥៣.៤០០ ដុល្លារអាមេរិកក្នុងមួយខែ ដើម្បីឧបត្ថម្ភធនដល់​ប្រាក់​បៀ​វត្សគ្រូបង្រៀនជាង ៤២០ នាក់នៅតាមសាលាចិនចំនួន ៤៤ សាលា ហើយក្រោយមកយើងបានដំឡើងប្រាក់​បៀ​វត្សគ្រូបង្រៀនចំនួន ៨% (២៤ ដុល្លារអាមេរិក) ដើម្បីធានាបាននូវប្រាក់​បៀ​វត្សរបស់គ្រូបង្រៀន លើសពីអប្បបរមា ៣២៤ ដុល្លារអាមេរិក។ ទន្ទឹមនឹងនេះយើងបានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូភាសាចិន និងត្រៀមថវិកាចំនួន ២៥.៦០០ ដុល្លារអាមេរិកជារៀងរាល់ខែ ដើម្បីផ្គត់ផ្គង់ដល់ការចំណាយក្នុងការរស់នៅរបស់សិស្ស និងគាំទ្រដល់ប្រតិបត្តិការមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូ។ ទោះបីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩នៅឆ្នាំនេះក៏ដោយ ដើម្បីធានាដល់ជីវភាពមូលដ្ឋានរបស់គ្រូបង្រៀនក្នុងស្រុក មូលនិធិអប់រំភាសាចិននៅតែផ្តល់ប្រាក់ជាង ៧ ម៉ឺនដុល្លារជារៀងរាល់ខែដើម្បីឧបត្ថម្ភប្រាក់ខែគ្រូបង្រៀន។

យើងយល់ច្បាស់ពីសីលធម៌ក្នុងពាក្យថា “គ្រូល្បីឈ្មោះអាចបង្រៀនឱ្យសិស្សពូកែ” ។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ដែលជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងប្រាប់មកខ្ញុំថា ចាំបាច់ត្រូវបណ្តុះបណ្តាលគ្រូកម្រិតខ្ពស់សម្រាប់សាលាចិននៅកម្ពុជា ធានាថាមានគ្រូបង្រៀនចិនគ្រប់គ្រាន់នៅក្នុងប្រទេសនិងធានាបាននូវការអភិវឌ្ឍវិស័យអប់រំភាសាចិន។ ខ្ញុំយល់ស្របនឹងគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ចំពោះការបើកវគ្គសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងការបណ្តុះបណ្តាលគ្រូនៅរាជបណ្ឌិត្យសភាកម្ពុជា ខ្ញុំសង្ឃឹមថានឹងមាននិស្សិតកាន់តែច្រើនមកចុះឈ្មោះ និងចូលរួមចំណែកក្នុងការអប់រំភាសាចិន និងក្លាយជាកម្លាំងដ៏សំខាន់សម្រាប់ការអប់រំភាសាចិននាពេលអនាគត។

ក្នុងឱកាសនេះ ខ្ញុំចង់លើកឡើងថាយុវជនក្នុងស្រុកជាច្រើនមិនចង់ធ្វើជាគ្រូទេ ព្រោះប្រាក់​បៀ​វត្សទាបពេក។ ដើម្បីតម្លើងប្រាក់​បៀ​វត្ស គឺចាំបាច់ត្រូវបង្កើនថ្លៃសិក្សា ប៉ុន្តែបើយោងតាមស្ថានភាពបច្ចុប្បន្ននេះទំនងជាមិនមានការកើនឡើងនៃថ្លៃសិក្សាទេ ជាពិសេសនៅតាមតំបន់ជនបទ មានសាលារៀនជាច្រើននៅកំពុងរងទុក្ខការខាតបង់ថវិកា ហើយពឹងផ្អែកយ៉ាងខ្លាំងទៅលើឧបត្ថមរបស់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា។

នៅទីនេះ ខ្ញុំចង់ចែករំលែកជាមួយអ្នក នូវអត្ថប្រយោជន៍នៃការធ្វើជាគ្រូបង្រៀនម្តងទៀត៖ ទីមួយអ្នកអាចអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំរបស់អ្នក;ទីពីរអភិវឌ្ឍជំនាញទំនាក់ទំនងរបស់អ្នក;ទីបីបង្កើនសមត្ថភាពកសាងខ្លួនឯង។ ទាំងនេះគឺជាល័ក្ខខ័ណ្ឌចំបងដែលនាំយើងទៅកាន់ភាពជោគជ័យ។

១. អភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំរបស់អ្នក។ ក្នុងនាមជាគ្រូបង្រៀន អ្នកត្រូវរៀបចំនិងដឹកនាំការសិក្សារបស់និស្សិតរាប់សិបនាក់ដែលមានអាយុខុសៗគ្នា ដើម្បីឱ្យពួកគេអាចរៀនសូត្របានល្អ និងស្ទាត់ជំនាញនូវចំណេះដឹងដែលពួកគេបានរៀន។ នេះពិតជាអាចបណ្ដុះសមត្ថភាពដឹកនាំរបស់អ្នកបាន។

២. អភិវឌ្ឍជំនាញទំនាក់ទំនងរបស់អ្នក។ សិស្សជាច្រើនគឺមានមតិច្រើន  នេះហើយទាមទារការសម្របសម្រួល និងការប្រាស្រ័យទាក់ទងរបស់គ្រូ នេះជាការបង្ហាញជំនាញទំនាក់ទំនងរបស់អ្នក។

៣. ដើម្បីបង្កើនសមត្ថភាពកសាងខ្លួនឯង និស្សិតមានប្រវត្តិគ្រួសារផ្សេងៗគ្នា។ អ្នកខ្លះជាអាជីវករ អ្នកខ្លះជាកម្មករ និងខ្លះទៀតជាមន្ត្រីរាជការ។ តាមរយៈការស្វែងយល់ពីសាវតារបស់សិស្ស និងការទាក់ទងជាមួយឪពុកម្តាយរបស់សិស្ស អ្នកនឹងដឹងពីស្ថានភាពសង្គមជាច្រើន និងបង្កើនចំណេះដឹងសង្គមរបស់អ្នក។

តាមពិតថៅកែធំ ៗ ជាច្រើនក៏ធ្លាប់ធ្វើជាគ្រូបង្រៀនដែរ។ ឧទាហរណ៍ លោក ជែកម៉ា ក្នុងនាមជាគ្រូបង្រៀនបានបណ្តុះជំនាញទំនាក់ទំនងរបស់គាត់ ហើយធ្វើអោយគាត់ក្លាយជាមនុស្សដ៏ជោគជ័យនៅក្នុងប្រទេសចិន។ មានទៀតដូចជាឧកញ្ញ៉ា ឡៅ ម៉េងឃីន ធ្លាប់ជាគ្រូបង្រៀននិងជានាយកសាលា ឥឡូវជាសមាជិកព្រឹទ្ធសភា និងជាមេដឹកនាំនៃសង្គមខ្សែសាឡាយចិនដ៏សំខាន់ម្នាក់។ ឧកញ្ញ៉ា កុក អាន ក៏ធ្លាប់ជាគ្រូបង្រៀនដែរ ហើយឥឡូវគាត់ជាអ្នកជំនួញជោគជ័យខ្លាំងណាស់។

ដូច្នេះ យុវជនចូលរួមវិភាគទានរយៈពេល ២ ទៅ ៣ ឆ្នាំដល់ក្រុមគ្រូបង្រៀន ដែលជាដំណាក់កាលនៃការបណ្តុះបណ្តាលអ្នក និងជាដំណាក់កាលសំខាន់នៃការបណ្ដុះស្មារតីរបស់អ្នកក្នុងការទទួលខុសត្រូវចំពោះសង្គមជាតិ។

ខ្ញុំចង់ក្លាយជាគ្រូបង្រៀន ហើយខ្ញុំស្ទើរតែក្លាយជាគ្រូបង្រៀនហើយ។ នៅឆ្នាំ ១៩៦៦ នៅពេលដែលខ្ញុំមានអាយុ ១៨ ឆ្នាំ ក្រុមប្រឹក្សាភិបាលនៃសាលារៀន ឃី ហួរ នៅស្រុកឧដុង្គ មានការខ្វែងគំនិតគ្នាជាមួយនាយកសាលា ដូច្នេះបានឲ្យខ្ញុំរកគ្រូម្នាក់សម្រាប់សាលា។ ភ្លាមៗ ខ្ញុំបានណែនាំមិត្តម្នាក់ គឺលោក យាក ជាជនជាតិចិនខិ មកពីខេត្តស្ទឹងត្រែង ដែលទើបតែទទួលបាន“ វិញ្ញាបនប័ត្របង្រៀន” ។ បន្ទាប់ពីពួកគេបានទាក់ទងគ្នា ក្រុមប្រឹក្សាភិបាលបាននិយាយថា លោក យាក គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើជាគ្រូបង្រៀន ប៉ុន្តែគាត់មិនចេះនិយាយភាសាទៀជីវទេ ដូច្នេះសូមឲ្យខ្ញុំមកធ្វើជាគ្រូបង្រៀនវិញ។ នៅគ្រានោះ ក្នុងចិត្តខ្ញុំមានភាពត្រេកអរណាស់ ហើយខ្ញុំបានប្រាប់ទៅអ្នកផ្ទះភ្លាមៗ ថាខ្ញុំចង់ធ្វើជាគ្រូបង្រៀន។ ប៉ុន្តែឪពុកខ្ញុំមិនយល់ព្រម គាត់បាននិយាយថាត្រូវតែយកចិត្តទុកដាក់ចំពោះអាជីវកម្មក្នុងហាង ជាពិសេសនៅពេលប្រធានគ្រប់គ្រងនៃហាងនេះបានទៅសួរសុខទុក្ខសាច់ញាតិនៅប្រទេសចិនរយៈពេល ៣ ខែ ឪពុកខ្ញុំមិនចង់ប្រើអ្នកខាងក្រៅ គាត់ត្រូវការខ្ញុំមើលការខុសត្រូវអាជីវកម្មក្នុងហាង។

ខ្ញុំមានការស្ទាក់ស្ទើរក្នុងការបោះបង់ចោលឱកាសក្លាយជាគ្រូបង្រៀននេះ ដូច្នេះខ្ញុំបានសួរទៅអតីតគ្រូប្រចាំថ្នាក់របស់ខ្ញុំ គឺ លោកគ្រូ ចាង ឈីង។ ទោះបីខ្ញុំចាក់ចេញពីសាលាអស់រយៈពេល ៣ ឆ្នាំហើយ តែខ្ញុំនៅតែមានទំនាក់ទំនងជាមួយលោកគ្រូដដែល។ លោកគ្រូ ចាងឈីង ​បានប្រាប់ខ្ញុំថា ឥឡូវនេះអ្នកកំពុងជួយគ្រួសារអ្នករកស៊ី អ្នកអាចរកលុយដើម្បីជួយដល់សង្គមនាពេលអនាគត នេះក៏ជាការចូលរួមចំណែកជួយដល់សង្គមផងដែរ។ ដូចនេះហើយ ខ្ញុំមិនបានធ្វើជាគ្រូបង្រៀនទេ ហើយខ្ញុំនៅតែមានការសោកស្តាយរហូតមកដល់ពេលនេះ។

ធ្វើជាគ្រូបង្រៀននៅដំណាក់កាលនៃជីវិត គឺជាដំណើរជីវិតដែលបង្កើនចំណេះដឹងរបស់អ្នក។ ជាមួយនឹងបទពិសោធន៍ជាគ្រូបង្រៀន អ្នកអាចនឹងក្លាយជាសហគ្រិនដ៏ល្អម្នាក់។ ការយកគ្រូធ្វើជាអាជីពពេញមួយជីវិតក៏ល្អដែរ។ ឧទាហរណ៍ដូចលោកគ្រូ ចាង ឈីង រាល់ពេលដែលគាត់ចេញទៅក្រៅប្រទេស សិស្សជាច្រើនរបស់គាត់បានទទូចចង់អញ្ជើញគាត់ទៅពិសារអាហារ និងជួយចេញថ្លៃសំបុត្រយន្តហោះជូនគាត់ គាត់មានអារម្មណ៍ថាបានបំពេញភារកិច្ចរបស់គាត់បានល្អប្រសើរ ហើយមានកូនសិស្សច្រើននៅទូទាំងពិភពលោក។

“វគ្គបណ្តុះបណ្តាលតាមអ៊ិនធឺរណែតសំរាប់គ្រូបង្រៀនចិនក្នុងស្រុកនៅកម្ពុជាឆ្នាំ ២០២០” ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២១-៣០ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺគាំទ្រដោយក្រសួងអប់រំនៃប្រទេសកម្ពុជា ផ្តួចផ្តើមរៀបចំដោយរាជបណ្ឌិតសភាកម្ពុជា  និងមជ្ឈមណ្ឌលទំនាក់ទំនងនិងសហប្រតិបត្តិការភាសាចិននិងបរទេសនៃក្រសួងអប់រំចិន  ចូលរួមរៀបចំដោយសាកលវិទ្យាល័យគរុកោសល្យហួរ តុង (East China Normal University) និងសម្របសម្រួលដោយសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា។ វគ្គសិក្សានេះមានខ្លឹមសារល្អ សាស្ត្រាចារ្យទាំង ១៨ រូបសុទ្ធតែជាមន្ត្រីជាន់ខ្ពស់ សាស្រ្តាចារ្យ អ្នកជំនាញ និងអ្នកល្បីល្បាញក្នុងសង្គម នៃប្រទេសចិននិងកម្ពុជា ដែលមានបទពិសោធន៍ស្រាវជ្រាវផ្នែកអប់រំភាសាចិន ពួកគាត់នឹងចែករំលែកលទ្ធផលនៃការស្រាវជ្រាវ បទពិសោធន៍សង្គម និងយោបល់ដ៏មានតម្លៃរបស់ពួកគេតាមរបៀបសាមញ្ញ។

 

និស្សិតជាង ២៥០ នាក់មកពីសាលានិងស្ថាប័នអប់រំភាសាចិនជាង ១០ សាលាបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។ ខ្ញុំជឿជាក់ថាអ្នកនឹងទទួលបានអត្ថប្រយោជន៍ច្រើន ហើយចំណេះដឹងនិងការយល់ដឹងដែលអ្នកបានរៀនពីទីនេះ ច្បាស់ជានឹងជួយដល់ការងារបង្រៀនរបស់អ្នកនាពេលអនាគត។

ខ្ញុំក៏ជឿជាក់ផងដែរថា គ្រូបង្រៀនចិនក្នុងស្រុកនឹងបន្តលើកកម្ពស់ចំណេះដឹង និងសមត្ថភាពការងាររបស់ពួកគេ ខិតខំដើម្បីក្លាយជាឆ្អឹងខ្នងនៃវិស័យអប់រំភាសាចិនក្នុងស្រុក និងចូលរួមចំណែកប្រាជ្ញានិងកម្លាំងរបស់ពួកគេក្នុងការអភិវឌ្ឍការអប់រំភាសាចិន។