Select Page

តំណាងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាជួបសំណេះសំណាលជាមួយ ក្រុមគ្រូពេទ្យអ្នកជំនាញវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៃប្រទេសចិន

មេសា 1, 2020 | Association news

នៅរសៀលថ្ងៃទី២៩ លោកគង់សុខហុងប្រធានប្តូរវេន និងអនុប្រធានអចិន្ត្រៃយ៍ឧកញ៉ាជា សឿន ឧកញ៉ាតេង ឡាយ ឧកញ៉ាថៃ វ៉ាន់ លោកអេង ស៊ាន និងលោកសុក ហ៊ុយ អគ្គលេខា នៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា តំណាងរបស់ឧកញ៉ា ពុងឃាវសែប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជានិងបងប្អូនកូនចៅខ្មែរស្រឡាយចិនទាំងអស់ បានពាំនាំនូវកន្ត្រកផ្លៃឈើ និងទឹកបរិសុទ្ធជូនដល់ក្រុមគ្រូពេទ្យអ្នកជំនាញវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងវីរ៉ុសកូវីដ១៩នៃប្រទេសចិនព្រមទាំងទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យជំនាញក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមដោយវីរ៉ុសកូវីដ១៩ឲ្យមានប្រសិទ្ធិភាពនៅកម្ពុជា។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងជិតស្និទ្ធ អំពីវិធានការបង្ការ និងស្ថានភាពការរីករាលដាលនៃវីរុសនៅកម្ពុជានាបច្ចុប្បន្ន ។

ជាបឋម ឧកញ៉ា ថៃ វ៉ាន់ អនុប្រធានអចិន្ត្រៃយ៍នៃសមាគមសម្ព័ន្ធខ្មែរចិនបានសង្ខេបខ្លះៗអំពីសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ព្រមទាំងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជំនាញដែលតំណាងនៃរដ្ឋាភិបាលចិន នៅក្នុងស្ថានភាពចាំបាច់បំផុត ។ ហើយក្រុមគ្រូពេទ្យជំនាញបានមកដល់ប្រទេសកម្ពុជា ចូលរួមទប់ស្កាត់ការរីករាលដាលរ៉ុសកូវីដ១៩នៅកម្ពុជា។

លោកជឿជាក់ថា យោងទៅតាមបទពិសោធន៍និងការជួយយ៉ាងពេញទំហឹងពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ប្រទេសកម្ពុជានឹងអាចគ្រប់គ្រងស្ថានភាពនៃរីការរីករាលដាលនៃវីរ៉ុសក្នុងពេលឆាប់ៗនេះ ។

ក្រុមគ្រូពេទ្យជំនាញប្រទេសចិនបានថ្លែងអំណរគុណចំពោះលោក ឧកញ៉ា ពុងឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ព្រមទាំងរំលឹកដល់កូនចៅខ្មែរស្រឡាយចិនទាំងអស់ត្រូវចាត់វិធានការបង្ការ និងរក្សាអនាម័យឱ្យបានល្អ  ត្រូវពាក់ម៉ាស់ជាប្រចាំ ពេលចេញទៅខាងក្រៅ មិនត្រូវប្រមូលផ្តុំគ្នា មិននៅជុំគ្នា មិនភ័យស្លន់ស្លោ ដរាបណាយើងបង្ការអោយបានខ្ជាប់ខ្ជួន នោះនឹងអាចកាត់បន្ថយនៅការរីករាលដាលនៃវិរ៉ុសនេះ។

ក្រុមគ្រូពេទ្យជំនាញបានសង្កត់ធ្ងន់ថា៖មកទល់បច្ចប្បន្ន គឺមិនមានភស្តុតាងណាមួយដែលអាចបញ្ជាក់បានថាស្ថិតក្នុងអាកាសធាតុក្តៅអាចកាត់ផ្តាច់ផ្លូវនៃការចម្លងវីរុសបានទេ។ដូចនេះអ្នកទាំងអស់គ្នាត្រូវបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ចាត់វិធានការបង្ការអោយបានល្អ។

លោកបញ្ជាក់ទៀតថា៖ ដំណើរឆ្ពោះមកកម្ពុជាលើកនេះ គឺដើម្បីចែករំលែកនៅបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃវិរ៉ុសកូវិដ១៩នៅប្រទេសចិនជូនដល់ប្រទេសកម្ពុជា ព្រមទាំងពិភាក្សារួមគ្នាជាមួយកម្ពុជាដើម្បីស្វែងរកនូវវិធីបង្ការដែលសមស្របសម្រាប់កម្ពុជា ។ យើងជឿជាក់ថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នា ការរីករាលដាលនៃវិរ៉ុសកូវិដ១៩នឹងស្ថិតក្រោមការគ្រប់គ្រងយ៉ាងមានប្រសិទ្ធិភាព ។

ក្រុមគ្រូពេទ្យជំនាញចិនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនកូនចៅខ្មែរស្រឡាយចិនទាំងអស់ ដែលបានផ្តល់ជំនួយក្នុងអំឡុងពេលរីករាលដាលនៃវិរុសកូវិដ១៩នៅប្រទេស   ចិន។

តំណាងប្រតិភូសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបញ្ជាក់ថា៖សមាគមសម្ព័ន្ធខ្មែរចិនតែងតែប្រើប្រាស់គ្រប់មធ្យោបាយដើម្បីរំលឹកដល់បងប្អូនកូនចៅចិនទាំងអស់អោយយកចិត្តទុកដាក់ក្នុងការបង្ការខ្លួនឯង និងរក្សាអានាម័យជាប្រចាំ ដើម្បីជៀសផុតពីការរីករាលដាលនៃវីរុស។ ហើយសមាគមសម្ព័ន្ធខ្មែរចិនក៏សប្បាយចិត្ដនិងផ្តល់ភាពងាយស្រួលដល់ក្រុមអ្នកជំនាញក្នុងការងារប្រាស្រ័យទាក់ទងនិងការការពារកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា។ប្រសិនបើក្រុមអ្នកជំនាញត្រូវការជំនួយពីសមាគមសម្ព័ន្ធខ្មែរចិន យើងទាំងអស់គ្នានឹងមិនរុញរាឡើយ ។