Select Page

សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាពិភាក្សាអំពីវឌ្ឍនភាពនៃការកសាងសាកលវិទ្យាល័យបច្ចេកទេសកម្ពុជាចិន

កុម្ភៈ 22, 2020 | Association news

សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបានបើកកិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាពនៃការកសាងសាកលវិទ្យាល័យបច្ចេកទេសកម្ពុជាចិនកាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នៅជាន់ទី២៩នៃអគារកាណាឌីយ៉ា។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពរបស់លោកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា លោក អ៊ឹង ហុងម៉េង ប្រធានប្តូរវេន និង អនុប្រធាន អនុប្រធានអចិន្ត្រៃយ៍ជាច្រើនរូប ព្រមទាំងតំណាងមកពីសមាគមនិកាយចិន ហុកគៀន កម្ពុជាផងដែរ។

លោកឧកញ៉ា ពុង ឃាវសែ មានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍ យុវជនជាច្រើនចង់សិក្សាពីចំណេះដែលទទួលបានផលតបស្នងខ្ពស់ រួមមានគណនេយ្យ ភាសាបរទេស ការគ្រប់គ្រងពាណិជ្ជកម្ម ធនាគារ ហិរញ្ញវត្ថុជាដើម។ ដោយសារកូនចៅចិននៅកម្ពុជាមានចិត្តចង់រៀនខ្លាំង ដូច្នេះការបើកសាកលវិទ្យាល័យបច្ចេកទេសកម្ពុជាចិននឹងអាចទាក់ទាញសិស្ស និស្សិតកូនចៅចិននៅកម្ពុជាបានច្រើន ធ្វើឱ្យសិស្ស និស្សិតកូនចៅចិននៅកម្ពុជាជាអ្នកទទួលបានផលមុនគេ។

លោកឧកញ៉ា ពុង ឃាវសែ ថ្លែងថា បើសង្កេតមើលទៅលើការកសាងនិងអភិវឌ្ឍនាប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានរកឃើញថា កូនចៅចិនមិនសូវចង់រៀនដល់ថ្នាក់មហាវិទ្យាល័យទេ ជាពិសេសគឺមហាវិទ្យាល័យពហុបច្ចេកទេស ដូច្នេះយើងត្រូវកែប្រែទិសដៅអប់រំវិញ ហើយត្រូវរៀបចំយ៉ាងណាដើម្បីឆ្លើយតបនឹងតម្រូវការក្នុងវិស័យអប់រំ។

លោកឧកញ៉ាបន្តថា តាមរយៈការស្រាវជ្រាវជាច្រើនខែឃើញថា មុននឹងសម្រេចជ្រើសរើសសាលាណាមួយ ជាទូទៅសិស្សឬនិស្សិតតែងតែសិក្សាពីភូមិសាស្ត្រសាលានិងបរិយាកាសសិក្សាជាមុន។ ដោយឡែក លោកក៏បានត្រៀមមជ្ឈមណ្ឌលផ្សារទំនើបអូឡាំព្យ៉ាក្នុងការដោះស្រាយបញ្ហាសិក្សានៃសាកលវិទ្យាល័យបច្ចេកទេសកម្ពុជាចិនផងដែរ។

លោក សុក ហ៊ុយ អគ្គលេខាធិការសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបានធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការកសាងសាកលវិទ្យាល័យបច្ចេកទេសកម្ពុជាចិន។

លោកបានឱ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះមានគ្រឹះស្ថានសិក្សាចំនួន ១០ ហើយដែលមានបំណងសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យនេះ។ ថ្មីៗនេះ យើងក៏កំពុងតែធ្វើការសិក្សាស្រាវជ្រាវទៅលើសាលាល្បីៗនៅកម្ពុជានិងចំណង់ចំណូលចិត្តសិក្សារបស់សិស្ស និស្សិតកម្ពុជា ដើម្បីផ្តល់នូវលទ្ធផលស្រាវជ្រាវសម្រាប់ទិសដៅទីផ្សារនៃសាកលវិទ្យាល័យបច្ចេកទេសកម្ពុជាចិន។

ដោយឡែក លោកឧកញ៉ា ពុង ឃាវសែ ក៏បានប្រកាសពីសមាសភាពសមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យបច្ចេកទេសកម្ពុជាចំនួន ៥ រូបផងដែរ ដែលក្នុងនោះរួមមានលោកឧកញ៉ា ពុង ឃាវសែ លោកឧកញ៉ា តែ មាន លោកឧកញ៉ា ជា សឿន លោកឧកញ៉ា ថៃ វ៉ាន់ និង លោក អ៊ឹង ហុងម៉េង។

លោកឧកញ៉ាក៏បានលើកឡើងពីសប្បុរសជនចំនួន ៦ រូបដែលបានចូលរួមឧបត្ថម្ភការកសាងសាកលវិទ្យាល័យបច្ចេកទេសកម្ពុជាចិននេះផងដែរ។ ក្នុងនោះលោកឧកញ៉ា ឈិន ជឺ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុបឧបត្ថម្ភចំនួន ១ ០៤៧ ៨០៣ ដុល្លារអាម៉េរិក លោកឧកញ៉ា ជា សឿន អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាឧបត្ថម្ភចំនួន ១០៨ ៨៨៨ ដុល្លារអាម៉េរិក លោក លីវ ហឺភីង ឧបត្ថម្ភចំនួន ២០ ០០០ ដុល្លារអាម៉េរិក លោក ហុង ជីហាន ប្រធានសម្ព័ន្ធអតីតសិស្ស ទួនហ្វា ប្រចាំក្រុងហុងកុងឧបត្ថម្ភចំនួន ១០ ០០០ ដុល្លារអាម៉េរិក លោក លី ហៃផឹង ឧបត្ថម្ភចំនួន ១០ ០០០ ដុល្លារអាម៉េរិក លោក ហ៊ុង តារា ប្រធានកិត្តិយសសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាឧបត្ថម្ភចំនួន ៥០០ ០០០ ដុល្លារអាម៉េរិក។ សរុបចំនួន ១ ៦៩៦ ៦៩១ ដុល្លារអាម៉េរិក៕ (ដើមស្រល់)